Monday, May 9, 2016

សងសឹកគំនុំជូនម្តាយ! យុវជនម្នាក់កាន់កាំបិតបុ័ងតោ កាប់យុវជនម្នាក់ទៀតដាច់ប្រអប់ដៃម្ខាង មើលទៅគួរឲ្យតក់ស្លុត

(កណ្តាល)៖ យុវជនម្នាក់ត្រូវបានសម្ថកិច្ច ក្រុងតាខ្មៅឃាត់ខ្លួន រួមជាមួយវត្ថុតាង បន្ទាប់ពីប្រើកាំបិតបុ័ងតោ កាប់គូទំនាស់ដាច់ប្រអប់ដៃម្ខាង មើលទៅគួរឲ្យរន្ធត់ជាទីបំផុត។
ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខសាលាបឋមសិក្សាក្រពើហារ ក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានប្រាប់ថា​ ជនសង្ស័យដែលឃាត់ខ្លួន ខាងលើឈ្មោះ ដួង ចាន់រស្មី ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ហើយជនសង្ស័យបានសារភាពថា មូលហេតុដែលនាំឲ្យ រូបគេកាប់ទៅលើជនរងគ្រោះ ព្រោះតែខឹងជនរងគ្រោះ បានវាយម្តាយរបស់ខ្លួន កាលពីប៉ុន្មានថ្ងៃមុន។
សមត្ថិច្ចបានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែអង្គុយលក់តែគុជ ស្រាប់តែជនល្មើសបានដើរម្នាក់ឯង កាន់កាំបិតបុ័ងតោកាប់ ទៅលើជនរងគ្រោះចំនួនពីរកាំបិត បណ្តាលឲ្យត្រូវក្បាលផ្នែកចំហៀងខាងឆ្វេង និងដាច់ប្រអប់ដៃខាងឆ្វេង ហើយបានរត់គេចខ្លួនបាត់តែម្តង។ ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចជួយសង្គោះជនរងគ្រោះ និងដោយបានចម្លើយ ច្បាស់លាស់ពីជនរងគ្រោះកំលាំងជំនាញក្រុងសហការ ជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ព្រែកឬស្សី និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ដើមមៀន បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនល្មើស បាននៅវេលាម៉ោង០៩៖៤០នាទី ហើយបាននាំទៅយកវត្ថុតាង  (កាំបិត) ដែលលាក់ទុកក្នុងគុម្ពចេក នៅបរិវេណមន្ទីរពេទ្យជយ័ជំនះ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ។
សមត្ថកិច្ចបញ្ជាក់ទៀតថា នៅចំពោះមុខសមត្ថកិច្ចជនល្មើស បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាប់ ទៅលើជនរងគ្រោះពិតប្រាកដមែន ព្រោះខឹងនឹងជនរងគ្រោះ បានវាយម្តាយរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន។ បន្ទាប់ពីសាកសួរ រួចមកបច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ក្រុងតាខ្មៅ បញ្ជួន​ទៅកាន់អធិការដ្ឋានដើម្បី ចាត់ការតាមនិតិវិធីនៃច្បាប់៕

មនុស្ស៦នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ត្រូវបានដោះលែងវិញ បន្ទាប់ពីធ្វើកិច្ចសន្យា

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃកម្លាំងសមត្ថកិច្ចក្រុងភ្នំពេញ បានថ្លែងឲ្យដឹងថា នៅខណៈពេលម៉ោង ១៩៖៤០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ អ្នកចូលរួមធ្វើយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ចំនួន៦នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន បានដោះលែងវិញហើយ បន្ទាប់ពីឲ្យធ្វើសន្យាមួយចំនួននៅចំពោះមុខសមត្ថកិច្ច។
មន្រ្តីជាន់ខ្ពស់នៃកម្លាំងសមត្ថកិច្ចក្រុងភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីសាកសួរនាំធ្វើកំណត់ហេតុ និងការទទួលកំហុសរបស់អ្នកទាំង៦ ព្រមទាំងយល់ព្រមទទួលការអប់រំ និងធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចប​ញ្ឈប់ការធ្វើសកម្មភាពបន្តទៀត។ រហូតមកដល់ពេលនេះ មនុស្សចំនួន៨នាក់ ក្នុងនោះមាន៦ជនជាតិខ្មែរ និងជនបរទេស២នាក់ ត្រូវបានសមត្ថកិច្ចសម្រេចធ្វើការដោះលែងទៅវិញហើយ។
ជនបរទេសទាំងពីរនាក់ គឺជាមន្រ្តីទីប្រឹក្សាផ្នែកច្បាប់របស់អង្គការលីកាដូ ហើយបានចុះកិច្ចកុងត្រាបម្រើ ការងារនៅលីកាដូរយៈពេលមួយឆ្នាំ។ បុរសជាជនជាតិអាល្លឺម៉ង់ និងស្រី ជាជនជាតិ ស៊ុយអែត។
សូមជំរាបថា អ្នកពាក់ព័ន្ធនឹងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាំងនេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសួរនាំ បន្ទាប់ពីពួកគេបានស្លៀកពាក់ខ្មៅដូចការ ប្រកាសហើយទាមទារឱ្យដោះលែង មន្រ្តីសិទ្ធិមនុស្សអាដហុក ៤នាក់ និងអគ្គលេខាធិការរងគ.ជ.បម្នាក់ ដែលត្រូវបាន ACU ឃាត់ខ្លួន ក្រោមការចោទប្រកាន់សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី៕

ទីបំផុតលោក គីម ជុងអ៊ុន ត្រូវបានលើកឲ្យធ្វើជាប្រធានគណបក្សពលករកូរ៉េ នៅក្នុងវ័យទើបតែ ៣៣ឆ្នាំ

(ព្យុងយ៉ាង)៖ ទីបំផុតការវិភាគកន្លងមក បានក្លាយទៅជាការពិត ដែលលើសការស្មានទៅទៀត គឺលោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើងនោះ បានទទួលការសម្រេច​ឲ្យរូបលោក​ឲ្យក្លាយជាប្រធាន​គណបក្សពលករដែលជាបក្ស​កាន់អំណាច​តែ​មួយគត់ ស្ថិតនៅក្នុងវ័យទើបតែ៣៣ឆ្នាំប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦។
ការតែងតាំងខាងលើនេះ វាបានបញ្ជាក់ឲ្យឃើងយ៉ាងច្បាស់ថា ចាប់ពីពេលនេះតទៅ រាល់អំណាច គ្រប់ជាន់ថ្នាក់ទាំងអស់នឹងត្រូវ ស្ថិតនៅក្រោមកណ្តាប់ដៃរបស់លោក គីម ជុងអ៊ុន និងសាច់ញាតិ របស់លោកជាច្រើនទៀត ដែលកំពុងស្ថិតនៅក្នុងជួរដឹកនាំកំពូលៗស្រាប់៕

កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ជនសង្ស័យ២នាក់ ដកហូតថ្នាំ៦២កញ្ចប

(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជាក់ថា កម្លាំងនគរបាលរបស់លោក នៅរសៀលថ្ងៃទីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនស្ថិត នៅចំណុចផ្ទះឈ្មោះ សំ ដុះ ភូមិជប់ទី១ ឃុំជប់ ស្រុកខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំ៦២កញ្ចប់។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់រួមមាន
១-ឈ្មោះ សំ ដុះ ភេទប្រុស អាយុ ៣៩ឆ្នាំ
២-ឈ្មោះ សំ ឌី ភេទប្រុស អាយុ ១៦ឆ្នាំ
ទាំងពីរនាក់នៅភូមិភូមិជប់ទី១ ឃុំជប់ ស្រុកខេត្តត្បូង។
សមត្ថកិច្ចធ្វើការបង្ក្រាបខណៈពេលជនសង្ស័យ​​ កំពុងធ្វើសកម្មភាពដោះដូរថ្នាំញៀននៅក្នុងផ្ទះ និងដកហូូតបានម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន បានចំនួន ៦២កញ្ចប់ (ធំ ០៣កញ្ចប់ និងតូច ៥៩កញ្ចប់) ឧបករណ៍ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ច ជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕